Real បានបដិសេធ​មិន​ឈរ​ជារបង​កិត្តិយស​ដល់ Barca!

Real Madrid បាន​សម្រេច​ចិត្ត​មិន​ធ្វើការ​ឈរ​អបអរ​សាទរ​ជា​កិត្តិយស​ដល់​ម្ចាស់​ជើង​ឯក La Liga នៅពេល​ក្រុម​ទាំង​ពីរ​ប៉ះគ្នា​នៅ​ចុង​សប្តាហ៍​នេះ​នោះ​ទេ។

ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​ទាំងពីរ​នេះ​ត្រូវ​ជួបគ្នា​ជា​លើក​ចុង​ក្រោយ​ក្នុង​រដូវកាល​នេះ​នៅ​ថ្ងៃអាទិត្យ​នេះ ខណៈ​ការ​ជួប​គ្នា​នេះ​គឺជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ​ដោយ​សារ Barcelona បាន​លើក​ពាន La Liga កាលពី​ចុង​សប្តាហ៍​នេះ​រួច​ទៅ​ហើយ។

រឿងនេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​លើ​បញ្ហា​ថា​តើ Real នឹង​ធ្វើ​ការ​ឈរ​អបអរ​ជាកិត្តិយស​ដល់ Barcelona ឬ​ហៅ​ថា Pasillo ជា​ភាសា​អេស្ប៉ាញ​ដែរ​ឬ​ទេ ប៉ុន្តែ Zinedine Zidane បាន​បដិសេធ​ចំពោះ​គំនិត​នេះ។

Zidane បាន​និយាយ​ថា៖ «យើង​នឹង​មិន​ធ្វើការ​ឈរ​អបអរ​ដើម្បី​ផ្តល់​កិត្តិយស​ដល់​ពួក​គេនោះ​ទេ»។

«នេះ​គឺជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​មិន​សូវ​យល់​អំពី Pasillo នោះ​ទេ ដូច្នេះ​ហើយ វា​នឹងមិន​កើត​ឡើង​នោះ​ទេ»។

ក្លឹប​ទាំងពីរ​ធ្លាប់​បាន​ផ្ដល់​កិត្តិយស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​ការ​ឈរ​អបអរ​សាទរ​បែបនេះ​ពី​មុន​មក ប៉ុន្តែ​ខ្សែ​ការពារ Jordi Alba របស់ Barcelona យល់​ថា ការ​សម្រេច​ចិត្ត​បែបនេះ​របស់ Real មិនមែន​ជា​បញ្ហា​ចោទ​នោះ​ទេ។

Alba បាន​និយាយ​ថា៖ «Barcelona បាន​ធ្វើ​បែបនេះ​សម្រាប់ Real Madrid កាល​ពី​មុន សូម្បី​តែ​នៅ​កីឡដ្ឋាន Bernabeu»។

«ប៉ុន្តែ ក្រុម​នីមួយៗ​អាច​ធ្វើការ​សម្រេច​ចិត្ត​រៀងៗ​ខ្លួន​បាន ហើយ​យើង​ត្រូវ​គោរព​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ»។

Comments