Griezmann នៅមិនទាន់សម្រេច​ចិត្ត​ពីអនាគត​របស់ខ្លួននៅឡើយ

Atletico Madrid ហាក់ខឹងសម្បា​ររឿង​ល្បីជាបន្តបន្ទាប់​ថា​ Antoine Griezmann នឹង​ចាក់​ចេញពីក្លឹបនេះ​ទៅ​ចូល​រួម​ជា​មួយក្លឹប​យក្ស​កាតាឡង់ Barcelona នៅ​រដូវក្តៅខាងមុខនេះ តែក៏មាន​របាយការណ៍​នៅ​ប្រទេសបារាំងឯណោះ​ថា​ ខ្សែបម្រើ​រូប​នេះ​មិន​ទាន់​សម្រេច​ពី​អនាគតរបស់ខ្លួននៅឡើយ។ 

កាលពី​រដូវក្តៅ​ឆ្នាំមុន​មាន​ព័ត៌មាន​ជាច្រើន​ថា​ Griezmann នឹងទៅ​​​ Manchester United តែ​មិន​មាន​រឿប​បែបនេះកើត​ឡើង​នោះទេ តែ​ពេល​នេះ​មានការ​បារម្ភ​ថា​ក្លឹប​យក្ស​កាតាឡង់ នឹង​បង្ខំទិញ​យក​កីឡាករ​រូបនេះតែម្តង នៅចុងរដូវកាលនេះ។

នៅក្នុង​អត្ថបទចុះផ្សាយ​របស់ L’Equipe កាលពីថ្ងៃព្រហស្បត្តិ៍ នេះបង្ហាញ​ថា កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ​នៅ​មិន​ទាន់​សម្រេច​ថា​នឹង​ចាក​ចេញពី​ Atletico Madrid ​ឬ យ៉ាងណានៅឡើយ។

Griezmann មាន​ជម្រើស​ពីរ​គឺ​បន្តនៅជាមួយ​ក្លឹប​ដោយ​ទទួលបាន​ថ្លៃនឿយ​ហត់​ច្រើន​ជាងមុន ឬ ចាក​ចេញទៅ​ Barca  ដែល​បាន​ត្រៀម​ចំណាយ​ ១០០លាន អឺរ៉ូ​សម្រាប់​ទិញ​យក​រូបគេ​តែម្តង។

អត្ថបទដដែលបាន​បញ្ជាក់​ផងដែរថា បើ​ទោះ​ជា​ Griezmann សប្បាយ​ចិត្ត​នឹង​ការ​ចាប់​អារម្មណ៍​ពី​ Barca ក៏​ដូចជារំភើប​ដែល​អាច​នឹង​លេង​ជាមួយ​ Lionel Messi និង Luis Suarez​ ក្តី​ ក៏រូបគេ​នៅ​តែ​មាន​ការ​គោរពចំពោះ  Atletico Madrid យ៉ាងពិតប្រាកដដែរ។

អ្វីដែល​គេ​អា​ចប្រាកដបាននៅពេល​នេះគឺថា គេ​នឹង​មិន​ចាកចេញ​ពី​អេស្ប៉ាញឡើយ ព្រោះថា​គេ​បាន​បោះ​មូលដ្ឋាន​នៅក្នុង​ប្រទេស​ល្បីខាងបាល់ទាត់​មួយ​នេះ ហើយ​ប្រពន្ធរបស់គេ​ក៏​ជា​ជនជាតិ​អេស្ប៉ាញដែរ។ យើង​គង់តែនឹង​ដឹង​ពីការ​សម្រេច​ចិត្ត​របស់គេ​នៅ​ពេល​ខាងមុខ​ដ៏ខ្លី។

Comments