តើកំពូលកីឡាករបាល់ទាត់ទាំង២នេះមានសមិទ្ធិផលអ្វីខ្លះក្នុងរដូវកាលនេះ?

ដើម្បីក្លាយខ្លួនជាកំពូលកីឡាករនៅលើលោកយើងនេះ មិនមែនជារឿងងាយស្រួលនោះទេ ទីមួយគឺត្រូវមានទេពកោសល្យពីកំណើត ទីពីរគឺការខិតខំហ្វឹកហាត់ឲ្យខ្ជាប់ខ្ជួន ទីបីគឺត្រូវមានវន័យចំពោះខ្លួនឯងយ៉ាងតឹងរ៉ឹងបំផុត ទើបអាចសម្រេចបានគោលដៅ​មួយនេះ។

បើសិនជាអ្នកក្លាយជាកីឡាករកំពូលក្នុងពិភពលោកហើយ ក្រៅពីកិត្តយស គឺអ្នកនឹងក្លាយជាសេដ្ឋីវ័យក្មេងជាក់ជាមិនខាន តួយ៉ាងដូចកំពូលកីឡាករពីររូប ដែលកំពុងប្រណាំងប្រជែងគ្នាយ៉ាងស្វិតស្វាញ ទាំងលក្ខណៈឯកក្តបុគ្គល និង ក្លិប។ តើអ្នកណាមិនស្គាល់កំពូលកីឡាករលើលោក Christiano Ronaldo និង Lionel Messi ទៅ អ្នកទាំងពីរគឺតែងតែប្រិយមិត្តបាល់ទាត់នៅជុំវិញពិភពលោក លើកយកមកធ្វើការប្រៀបធៀបគ្នាជានិច្ចក្នុងរយៈកាល១០ឆ្នាំចុងក្រោយនេះ។

ថ្ងៃនេះ ហ្វកស៍ស្ប៉តកម្ពុជាសូមលើកយកសមិទ្ធិផលរបស់អ្នកទាំងពីរក្នុងរដូវកាល ២០១៧-២០១៨ ដែលរៀបនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ថាតើពួកគេធ្វើបានអ្វីខ្លះនៅរដូវកាលនេះ? តោះដើម្បីកុំឲ្យខាតពេលយូរចូលរួមតាមដានជាមួយយើងខ្ញុំទាំងអស់គ្នា៖

 

១. Christiano Ronaldo៖

  • បង្ហាញខ្លួនបាន ២៦ប្រកួតនៅ La Liga ហើយរកគ្រាប់បាល់បាន ២៥គ្រាប់ នៅសល់មួយប្រកួតទៀតទើបបញ្ចប់ 
  • ជួយឲ្យក្លិប Real Madrid បានចំណាត់ថ្នាក់លេខ៣ នៅលីគកំពូលអេស្ប៉ាញ ក្នុងរដូវកាលនេះ
  • បានជួយក្លិបក្នុងពាន La Liga ដោយ ឈ្នះ២២ ស្មើ៩ ចាញ់៦ ក្នុងនោះក្លិបទាំងមូលរកគ្រាប់បាល់បាន ៩២គ្រាប់ និង គេស៊ុតចូលវិញ ៤២គ្រាប់
  • ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេលេខ២ នៅក្នុងលីគស្មើជាមួយនិង Suarez (២៥គ្រាប់)
  • នៅក្នុងលីគ កីឡាករព័រទុយហ្គាល់រូបនេះ​ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៥ដងផងដែរ
  • រកបាន ១៥គ្រាប់ ក្នុង ១២ប្រកួត នៅ Champions League ហើយក៏ក្លាយខ្លួនជាអ្នករកគ្រាប់បាល់បានច្រើនជាងគេផងដែរនៅរដូវកាលនេះ
  • ជួយឲ្យ អធិរាជ ស ឡើងដល់វគ្គផ្តាច់ព្រ័ត្ត នឹងត្រៀមខ្លួនដើម្បីដណ្តើមពានជាលើកទីបីជាប់ៗគ្នា ជាមួយហង្សក្រហមនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៨នេះ
  • នៅរដូវកាលនេះ អតិតកីឡាករ បិសាចក្រហមរូបនេះ មានបញ្ហានៅដើមរដូវកាល ដោយបង្ហាញទម្រង់លេងមិនសូវបានល្អ ជាពិសេសគឺក្នុងលីគកំពូលអេស្ប៉ាញតែម្តង ប៉ុន្តែសម្រាប់ Champions League វិញគឺ រូបគេធ្វើបានល្អមែនទែន ដោយរកគ្រាប់បាល់បានស្ទើគ្រប់ការប្រកួត។ នៅក្នុងដៃ CR7 មានតែឳកាសមួយគត់សម្រាប់រូបគេ គឺត្រូវតែឈ្នះពាន UCL អោយបានដើម្បីមានលទ្ធភាពរកពាន២ទៀតសម្រាប់រដូវកាលនេះគឺ FIFA Club World Cup និង UEFA Super Cup ដែលត្រូវប្រកួតជាមួយ ក្លិបរួមទីក្រុង AT Madrid។ ក្រៅពីនេះគឺរូបគេត្រូវជួយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ក្នុងពាន World Cup នៅពាក់កណ្តាលខែមិថុនានេះ ចាំមើលថាតើ រូបគេអាចធ្វើល្អបានកម្រិតណា?

 

២. Lionel Messi

  • បង្ហាញខ្លួនបាន ៣៥ប្រកួតនៅ La Liga ហើយរកគ្រាប់បាល់បាន ៣៤គ្រាប់ នៅសល់មួយប្រកួតទៀតទើបបញ្ចប់ 
  • ជួយឲ្យក្លិប អ្នកមានបុណ្យ បានចំណាត់ថ្នាក់លេខ១ នៅលីគកំពូលអេស្ប៉ាញ ក្នុងរដូវកាលនេះ
  • បានជួយក្លិបក្នុងពាន La Liga ដោយ ឈ្នះ២៧ ស្មើ៩ ចាញ់១ ក្នុងនោះក្លិបទាំងមូលរកគ្រាប់បាល់បាន ៩៨គ្រាប់ និង គេស៊ុតចូលវិញ ២៩គ្រាប់
  • ជាអ្នករកគ្រាប់បាល់បានជាងគេលេខ១ នៅក្នុងលីគ (៣៤គ្រាប់)
  • នៅក្នុងលីគ កីឡាករអាហ្សង់ទីនរូបនេះ​ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីច្រើនជាងគេផងដែរបាន ១២ដង
  • រកបាន ៦គ្រាប់ ពី ១០ ប្រកួត នៅ Champions League ដោយធ្លាក់ត្រឹមវគ្គ ៨គ្រុមចុងក្រោយ
  • រកបាន ៤គ្រាប់នៅក្នុងពាន Copa del Rey 
  • ឈ្នះស្បែកជើងមាសប្រចាំលីគនៅអឺរ់ុបប្រចាំរដូវកាលនេះ
  • ជួយអោយក្លិបឈ្នះពាន២ គឺ La Liga និង Copa del Rey
  • នៅរដូវកាលនេះ កីឡាករដែលលេងតែមួយក្លិបនេះ បានបង្ហាញទម្រង់លេងល្អនៅក្នុងពានក្នុងស្រុក សម្រាប់ពានកំពូលលីគអឺរ៉ុប UCL មិនសូវធ្វើបានល្អនោះទេ។ រូបគេនៅសល់តែភារកិច្ចមួយទៀតប៉ុណ្ណោះគឺ ជួយជម្រើសជាតិ អាហ្សង់ទីនក្នុងពាន World Cup ចាំមើលតើរូបគេអាចធ្វើល្អបានប៉ុណ្ណា តើកំពូលកីឡាកររូបនេះអាចឈ្នះពានបាល់ទាត់ពិភពលោកនេះក្នុងអាជីពរបស់គេបានទេ?

 

តើប្រិយមិត្តគិតថាកីឡាករទាំង២នេះ កីឡាកររូបណាធ្វើបានល្អជាងក្នុងរដូវកាលនេះ សូមធ្វើការបញ្ចេញយោបល់ដោយសេចក្តីថ្លៃថ្នូរទាំងអស់គ្នា៕

Comments