កាតា ឡើង​ចំណាត់​ថ្នាក់​មិន​គួរ​ឲ្យ​ជឿ​លើ​តារាង FIFA ២០១៩ ក្រោយ​ក្លាយ​ជា​ជើង​ឯក​ Asian Cup​

David Villa awarded J League Goal of the Season

នៅថ្ងៃទី ៧ខែកុម្ភៈ ឆ្នាំ ២០១៩ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានចេញផ្សាយតារាងចំណាត់ថ្នាក់បាល់ទាត់របស់ប្រទេសជាសមាជិក FIFA លើពិភពលោក នៅឆ្នាំ ២០១៩នេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺតារាង FIFA Coca Cola World Ranking មានចំណាត់ថ្នាក់ប្រែប្រួល ចំពោះប្រទេសក្នុងតំបន់អាស៊ី ដែលទើបតែបញ្ចប់បេសកកម្មការប្រកួតកីឡាករ AFC Asian Cup ហើយ។

ហើយអ្វីដែលរឹតតែពិសេស គឺប្រទេសកាតា ដែលជាជើងឯក AFC Asian Cup ឆ្នាំ ២០១៩ ជាលើកដំបូងរបស់ខ្លួននោះ បានឡើងចំណាត់ថ្នាក់លើតារាង FIFA យ៉ាងគួរឲ្យភ្ញាក់ផ្អើល។ នៅឆ្នាំ ២០១៨ កាតា មានចំណាត់ថ្នាក់លេខ ៩៣ លើតារាង FIFA ប៉ុន្តែនៅឆ្នាំ ២០១៩នេះ កាតា បានហត់មកស្ថិតនៅចំណាត់ថ្នាក់លេខ ៥៥ ដែលមានន័យថា កាតា ហក់ឡើងដល់ទៅ ៣៨លេងរៀង។ កាលពីឆ្នាំ ២០១៨ កាតា មានពិន្ទុបាល់ទាត់ ត្រឹមតែ ១២៥៨ពិន្ទុ ប៉ុន្តែឆ្នាំ ២០១៩នេះ គេបានបន្ថែមរហូតដល់ទៅ ១៣៩៨។

នេះជាលើកដំបូង តាំងពីឆ្នាំ ១៩៩៣ ដែលកាតា មានចំណាត់ថ្នាក់ល្អបែបនេះ។ នៅឆ្នាំ ១៩៩៣ កាតា មានចំណាត់ថ្នាក់លេខ ៥៤។ ហើយបន្ទាប់ពីនោះមក ចំណាត់ថ្នាក់របស់ប្រទេសអារ៉ាប់មួយនេះ ឡើងចុះៗ ដែលជាមធ្យមភាគគឺស្ថិតនៅម្តុំលេខរៀងទី ៨២។ ហើយនៅឆ្នាំ ២០១០ កាតា ធ្លាក់ចំណាត់ថ្នាក់យ៉ាងអាក្រក់បំផុត គឺរហូតដល់លេខ ១១២។

គេរំពឹងថា កាតា នឹងបន្តធ្វើបានល្អជាងនេះទៀត ព្រោះថាប្រទេសមហាសេដ្ឋីមួយនេះ ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក World Cup ជាលើកដំបូង នៅឆ្នាំ ២០២២ខាងមុខ។ ហើយនៅក្នុងឆ្នាំ ២០១៩នេះ កាតា និងជប៉ុន ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ AFC Asian Cup ក៏ត្រូវបានអញ្ចើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡា Copa America នៃតំបន់អាមេរិក ជាមួយប្រទេសម្ចាស់តំបន់ ១០ផ្សេងទៀត។ ការប្រកួតនោះ នឹងធ្វើឡើងក្នុងប្រទេសប្រេស៊ីល ពីថ្ងៃទី ១៤មិថុនា ដល់ ៧កក្កដា ឆ្នាំ ២០១៩។ ហើយកាតា ស្ថិតនៅពូល B ជាមួយ អាស្សង់ទីន កូឡុំប៊ី និងប៉ារ៉ាហ្កាយ។ ចំណែក ជប៉ុននៅពូល C ជាមួយអ៊ុយរ៉ាហ្កាយ អេក្វាឌ័រ និងឈីលី។

សូមបញ្ជាក់ថា ក្រៅពីការឡើងចំណាត់ថ្នាក់របស់កាតាលើតារាង FIFA ប្រទេសមួយចំនួនដែលធ្វើបានល្អក្នុងការប្រកួត AFC Asian Cup កន្លងមក ក៏ឡើងចំណាត់ថ្នាក់ផងដែរ។ ជប៉ុន ឡើង ២៣លេងរៀង មកស្ថិតនៅចំណាត់ថ្នាក់ទី ២៧ ខណៈអ៊ីរ៉ង នៅតែជាប្រទេសមានចំណាត់ថ្នាក់បាល់ទាត់ល្អបំផុតនៅអាស៊ី ដោយស្ថិតនៅលេខរៀងទី ២២។ កូរ៉េខាងត្បូង ឡើង ១៥លេខរៀង ស្ថិតនៅចំណាត់ថ្នាក់លេខ ៣៨ ខណៈអេមេរ៉េតអារ៉ាប់រួម (United Arab Emirates) ឡើង ១២ចំណាត់ថ្នាក់ ស្ថិតនៅលេខរៀងទី ៦៧។ វៀតណាមវិញ ឡើងមកស្ថិតនៅចំណាត់ថ្នាក់លេខ ៩៩ ចំណែកថៃ ស្ថិតនៅលេខរៀងទី ១១៥។

 

View this post on Instagram

 

#AsianCup2019 champions Qatar climb 3️⃣8️⃣ spots to be among Asia’s top 5 as Iran remain as Continent’s best! #FIFARanking

A post shared by AFC (@theafchub) on

ចំពោះប្រទេសផ្សេងទៀត នៅតំបន់អាស៊ីអាគ្នេយ៍ គឺហ្វីលីពីន ធ្លាក់ទៅលេខ ១២៣ ប៉ុន្តែមីយ៉ាន់ម៉ា ឡើងមកលេខ ១៣៨។ ឥណ្ឌូនេស៊ី ស្ថិតនៅលេងរៀង ១៥៩, សិង្ហបុរី នៅលេខរៀង ១៦៥, ឡាវ នៅលេងរៀង ១៨៤, ម៉ាឡេស៊ី នៅលេខរៀង ១៦៧, ព្រុយណេ នៅលេខរៀង ១៩៥, ទីម័រខាងកើត នៅលេខរៀង ១៩៦ និងកម្ពុជា ស្ថិតនៅលេខរៀងទី ១៧២ នៃតារាងចំណាត់ថ្នាក់ FIFA ប្រចាំឆ្នាំ ២០១៩៕

Comments