Son Heung-min សារ​ភាព​ថា​ហត់​នឿយ​ខ្លាំង គេង​មិន​បាន​គ្រ​ប់​គ្រាន់​ដោយ​សារ​ក្រុម​ជម្រើស​ជាតិ​

Touch my privates? You get punched: Laos Toyota’s Victor Amaro escapes red card

ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានធ្លាក់ចេញទៅហើយពីក្របខណ្ឌ AFC Asian Cup ឆ្នាំ ២០១៩ ត្រឹមវគ្គ ៨ក្រុមចុងក្រោយ។ កូរ៉េខាងត្បូង បានប្រកួតចាញ់កាតា ដោយលទ្ធផល ០ទល់នឹង ០។ ហើយប្រធានក្រុមកូរ៉េខាងត្បូង កីឡាករ Son Heung-min បានសារភាពថា គាត់ពិតជាមានបញ្ហាចំពោះស្ថានភាពផ្លូវកាយ ទើបធ្វើឲ្យទម្រង់លេងត្រូវធ្លាក់ចុះខ្លាំង។

កីឡាករខ្សែបម្រើប្រយុទ្ធក្លឹប Tottenham Hotspur វ័យ ២៦ឆ្នាំនេះ បានឲ្យដឹងថា គាត់ពិតជានឿយហត់មែនទែន ហើយគាត់មិនដែលបានគេងគ្រប់គ្រាន់នោះទេ ទើបធ្វើឲ្យទម្រង់លេងរបស់គាត់ ធ្លាក់ចុះយ៉ាងខ្លាំង រហូតមិនអាចជួយឲ្យក្រុមជម្រើសជាតិឆ្លងផុតវគ្គ ៨ក្រុមចុងក្រោយនេះ។ Son Heng-min បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថា ខ្លួនប្រាណខ្ញុំទទេរ។ ខ្ញុំសុំទោស ដែលធ្វើឲ្យមិត្តរួមក្រុម គ្រូបង្វឹក និងអ្នកគាំទ្រ ខកចិត្ត។ ខ្ញុំគិតថា ខ្ញុំនឹងអាចចាប់ផ្តើមមានអារម្មណ៍ល្អ និងប្រសើរពីមួយប្រកួតទៅមួយប្រកួត ប៉ុន្តែវាស្រាប់តែមិនកើតឡើង។ មនុស្សជាច្រើនរំពឹងខ្លាំងចំពោះយើង ហើយខ្ញុំពិតជាត្រូវបានរំខានដោយខ្លួនខ្ញុំ ដែលមិនអាចឈានទៅមុខបាន។ ខ្ញុំដឹងថា ខ្ញុំលេងមិនបានល្អទេ»។

បន្ទាប់ពីកូរ៉េខាងត្បូង ធ្លាក់ចេញពី AFC Asian Cup កាលពីសប្តាហ៍មុន គេក៏នៅមិនទាន់ឃើញ Son ចូលលេងឲ្យ Tottenham ក្នុងជំនួប FA Cup ជាមួយ Crystal Palace នោះទេ។ ជំនួបជាមួយ Crystal ដែលធ្វើឲ្យ Spurs ត្រូវធ្លាក់ចេញត្រឹមជុំទី ៤ បន្ទាប់ពីប្រកួតចាញ់ដោយលទ្ធផល ០ទល់នឹង២។ គេដឹងថា Spurs កំពុងតែប្រឈមនឹងបញ្ហាកង្វះខ្សែប្រយុទ្ធរឹងមាំ ព្រោះថាកីឡាករសំខាន់បំផុត ២នាក់ គឺ Harry Kane និង Dele Alli កំពុងប្រឈមនឹងបញ្ហារបួសធ្ងន់ធ្ងរ។ ហើយសម្រាប់ Son ដែលជាខ្សែប្រយុទ្ធសំខាន់ដែរនោះ ក៏ត្រូវគ្រូបង្វឹករបស់ Spurs លោក Mauricio Pochettino មិនបង្ខំឲ្យចូលលេងនោះទេ នៅពេលដែលគាត់ដឹងថា Son ហត់នឿយខ្លាំងយ៉ាងនេះ។ Son សារភាពថា គាត់គេងមិនគ្រប់គ្រាន់ ដែលធ្វើឲ្យគាត់គ្មានកម្លាំងអីរត់បានល្អនោះទេ។

វាជារឿងគ្មានសំណាងសោះឡើយសម្រាប់ Son Heung-min និងក្តីប្រឹងប្រែងរបស់គាត់ ព្រោះថាគាត់មិនអាចជួយក្រុមជម្រើសជាតិ ឲ្យផុតវគ្គ ៨ក្រុមចុងក្រោយ AFC Asian Cup ហើយក៏មិនអាចជួយក្រុមបាល់ទាត់អាជីព Tottenham Hotspur ឲ្យទទួលបានពានរង្វាន់ League Cup ឬ FA Cup។

យ៉ាងណាក៏ដោយ នៅពេល Son អាចត្រលប់មកលេងជាមួយ Spurs វិញ ក្រោយបេសកកម្មបម្រើជាតិហើយ ក៏គេមិនប្រាកដថា Spurs អាចបន្តឈ្នះឡើងវិញនោះទេ។ មិនអាច ព្រោះគេដឹងថា ក្រៅតែពីខ្សែប្រយុទ្ធសំខាន់ទាំង ២របួស ក្រុមមាន់ខ្នាយមាស ក៏មិនមានភាពរឹងមាំ សម្រាប់ខ្សែបម្រើកណ្តាល និងខ្សែការពារនោះទេ។ ព័ត៌មានចចាមអារ៉ាមរាល់ថ្ងៃ គឺ Christian Eriksen ចង់ចាកចេញទៅកាន់ក្លឹប Real Madrid។ ប្រការនេះ នឹងកាន់តែគ្រោះថ្នាក់ ព្រោះថាបើបាត់ Eriksen ម្នាក់ទៀត គឺ Spurs គ្មានសង្ឃឹមសោះឡើយ ចំពោះភាពរឹងមាំគ្រប់ប្រព័ន្ធ។ ហើយ Son ក៏នឹងពិបាកក្នុងការបំពេញតួនាទីរកគ្រាប់បាល់តែឯងផងដែរ។ យ៉ាងណាមិញ សង្ឃឹមថាកីឡាករកម្រិតទី ២របស់ Spurs នឹងអាចសហការយ៉ាងល្អជាមួយ Son ក្នុងពេលអាសន្នបណ្តោះអាសន្ននេះ ដើម្បីផ្លាស់ប្តូរលទ្ធផល ហើយបន្តជួយ Spurs មិនឲ្យធ្លាក់ចេញពីប្រអប់ Top ៤ នៅក្របខណ្ឌ Premier League ទៅចុះ៕

Comments